ធនាគារ ស៊ិនហាន (ខេមបូឌា) ភីអិលស៊ី គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ស៊ិនហាន ដែលជាធនាគារធំជាងគេបំផុតនៅ ប្រទេស កូរ៉េខាងត្បូង បានប្រារព្ធខួប ១២ ឆ្នាំ នៅក្នុងខែតុលា ហើយកំពុងពង្រឹងសេវាកម្មរបស់ខ្លួនឲ្យកាន់តែរឹងមាំ ដើម្បី ប្រកួតប្រជែងនៅក្នុងវិស័យធនាគារនៅកម្ពុជាដែលកំពុងមានធនាគារពាណិជ្ជប្រមាណ ៤០ កំពុងប្រតិបត្តិការ។
អគ្គនាយកជាជនជាតិកូរ៉េខាងត្បូង លោកកំពុងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សេវាកម្មរបស់ខ្លួនជូនដល់អតិថិជន។ ក្នុងនោះមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិត ផ្តល់ទុនសម្រាប់សហគ្រាសធុន តូច និងមធ្យម (SMEs) ថែមទាំងផ្តល់កម្ចីបន្ទាន់ដល់អតិថិជនរបស់ខ្លួន ដូចជាប្រាក់កម្ចីសម្រាប់ការសិក្សា កម្ចីជួសជុលផ្ទះ និងកម្ចីសម្រាប់ការព្យាបាលជំងឺជាដើម ជាពិសេសលោកចង់ពន្លឿនសេវាកម្មផ្ទេរប្រាក់រហ័ស «real time» ដែលទាំងអស់នេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើឲ្យប្រជាជនកម្ពុជាកាន់តែងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារ។
លោក Lee Tae kyung អគ្គនាយកធនាគារ ស៊ិនហាន (ខេមបូឌា) ភីអិលស៊ី ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថា៖ «យើងជាធនាគារដែលផ្តោតលើអតិថិជនជាសំខាន់ និងជាធនាគារដែលមានគំនិតច្នៃប្រឌិតខ្ពស់។ យើងគ្រោងនឹងបើកសាខាចំនួន ៣ បន្ថែមទៀតនៅចុងឆ្នាំនេះ និងបង្កើនសេវាឌីជីថល ដើម្បីនាំយកសេវាកម្មធនាគារដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ នេះគឺជាបាវចនារបស់ធនាគារ ស៊ិនហាន»។
លោក Lee លើកឡើងថា៖ «នៅកម្ពុជា ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ដូច្នេះយើងមានថ្នាក់បង្រៀនអំពី ធនាគារ និងហិរញ្ញវត្ថុនៅសាលារៀន ដែលជាផ្នែកមួយនៃកម្មវិធីការទទួលខុសត្រូវសង្គម (CSR) របស់យើង។ ធនាគារ ស៊ីនហាន មិនត្រឹមតែផ្តោតលើវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានចំណែកនៅក្នុងសកម្មភាពសេវាកម្មសង្គមមួយ ចំនួនផងដែរ ដោយផ្តោតលើការចែករំលែកដល់កុមារក្រីក្រដែលត្រូវការជំនួយ។ រហូតមកដល់ពេលនេះយើងបានបរិច្ចាគ ខ្លះដល់សហគមន៍ Dell Community និងTmor Da ជាដើម។ គម្រោងរបស់យើងនៅឆ្នាំក្រោយ យើងសង្ឃឹមថានឹង ចែករំលែកដល់សកម្មភាពសេវាសង្គមបន្ថែម តាមដែលយើងអាចធ្វើបាន ដែលជាផ្នែកមួយនៃសកម្មភាពរបស់យើង»។
«នៅឆ្នាំក្រោយម៉ាស៊ីនអេធីអឹមរបស់យើងនឹងដាក់ឲ្យស្ថិតនៅក្រៅធនាគារ តាមតំបន់ពាណិជ្ជកម្ម ដូចជាតាមផ្សារទំនើប ឬតំបន់សក្តានុពលជាដើម។ បច្ចុប្បន្នធនាគារយើងមានសាខាចំនួន ៦ ហើយ ម៉ាស៊ីនអេធីអឹមរបស់ធនាគារទាំងអស់ គឺស្ថិតនៅក្នុងបរិវេណធនាគារ»។
លោក Lee គឺជាធនាគារិកដ៏ចំណាន និងជាអ្នកលេងកីឡាវាយកូនហ្គោលដ៏ពូកែម្នាក់។ លោកទើបតែមកកាន់ការងារ បច្ចុប្បន្ននៅកម្ពុជារយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ដោយលោកកំពុងរៀបចំយុទ្ធសាស្ត្រប្រតិបត្តិការធនាគារឲ្យកាន់តែមាន ប្រសិទ្ធភាព មិនត្រឹមតែដើម្បីប្រកួតប្រជែងជាមួយធនាគារដែលជាដៃគូប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានរៀបចំយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផងដែរ។
លោក Lee បញ្ជាក់ថា៖ «យុទ្ធសាស្ត្ររបស់យើង គឺផ្តល់នូវអត្រាការប្រាក់ទាប ហើយការគ្រប់គ្រងហានិភ័យ គឺមាន សារៈសំខាន់ណាស់។ ធនាគារ ស៊ិនហាន មានភាពល្បីល្បាញនៅទូទាំងពិភពលោកចំពោះការគ្រប់គ្រងហានិភ័យ ដូច្នេះយើងអាចក្លាយជាធនាគារដែលមាននិរន្តរភាព»។
«អាជីវកម្មធនាគារមានការប្រកួតប្រជែងខ្លាំងនៅកម្ពុជា ពីព្រោះជាប្រទេសកំពុងអភិវឌ្ឍន៍។ ខ្ញុំរំពឹងថា កំណើនសេដ្ឋកិច្ចនឹងល្អនៅឆ្នាំក្រោយ បើធៀបទៅនឹងឆ្នាំនេះ ពីព្រោះសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈល្អប្រសើរ ទោះបីជាផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំក្រោយអាចនឹងទាបជាងឆ្នាំនេះបន្តិចក៏ដោយ»។ លោក Lee បន្ថែម។
កំណើនទ្រព្យសកម្មច្បាស់ណាស់ គឺបង្ហាញអំពីកំណើនថេររបស់ធនាគារ។ ឧទាហរណ៍ នៅឆ្នាំ ២០១៧ ទ្រព្យសកម្មមាន ចំនួន ៤០,៨ ភាគរយ ហើយកាលពីឆ្នាំមុនមាន ៣៣,៦២ ភាគរយ ចំណែកឯឆ្នាំនេះគិតត្រឹមខែកញ្ញា ទ្រព្យសកម្មមាន កំណើន ៤៤,៣ ភាគរយ ហើយបើគិតដល់ដំណាច់ឆ្នាំនេះ វាអាចកើនឡើងលើស ៥០ ភាគរយ។
ទោះបីពាណិជ្ជកម្មពិភពលោក ហាក់មិនមានភាពប្រាកដប្រជា និងនៅតែបន្តបង្កការភ័យខ្លាចក្នុងចំណោមធនាគារ និងអ្នកបង្កើតគោលនយោបាយក៏ដោយ ប៉ុន្តែលោក Lee នៅតែមានសុទិដ្ឋិនិយមថា ធនាគារ ស៊ិនណាន នឹងអាចជម្នះរាល់បញ្ហា ប្រឈមទាំងនោះបាន។
លោកបន្តថា៖ «ក្តីបារម្ភចម្បង គឺបញ្ហាមកពីខាង ដូចជាបញ្ហាពន្ធអនុគ្រោះ EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP។ ប៉ុន្តែ កម្ពុជាអាចឆ្លើយតបបានយ៉ាងល្អ សេដ្ឋកិច្ចកម្ពុជាអាចទ្រាំទ្រនឹងផលប៉ះពាល់បែបនេះបានយ៉ាងមានប្រសិទ្ធភាព»។
លោក Lee មានប្រសាសន៍ថា៖ «ប្រសិនបើជួបហានិភ័យពពុះអចលនទ្រព្យ (Property Bubble) នោះវាអាចគ្រប់គ្រងបាន ពីព្រោះ [វិនិយោគគិនបរទេស] មួយចំនួនមិនបានខ្ចីប្រាក់ពីធនាគារក្នុងស្រុកទេ ដូច្នេះវាជាបញ្ហាដាច់ដោយឡែក ហើយចំពោះការប្រែប្រួលសេដ្ឋកិច្ចពិភពលោក វាក៏មិនបង្កផលប៉ះពាល់អ្វីធំដុំដល់សេដ្ឋកិច្ចកម្ពុជាដែរ ពីព្រោះកម្ពុជាមិនពាក់ព័ន្ធ ទៅនឹងសេដ្ឋកិច្ចពិភពលោកច្រើនប៉ុន្មាននោះទេ»៕